តើសិស្សចាប់ផ្ដើមការអប់រំពិសេសដោយរបៀបណា?
តើមណ្ឌលមួយស្វែងរកទីតាំងសិស្សដែលត្រូវការសេវាអប់រំពិសេសដោយរបៀបណា?
ក្រោម Individuals with Disabilities Education Act (IDEA, ច្បាប់ស្ដីពីការអប់រំបុគ្គលមានពិការភាព) និងច្បាប់រដ្ឋស្ដីពីការអប់រំពិសេស មណ្ឌលនានាមានភារកិច្ចតាមច្បាប់ក្នុងការសម្គាល់សិស្សទាំងអស់ដែលរស់នៅក្នុងមណ្ឌល ដែលប្រហែលជាត្រូវការសេវាអប់រំពិសេស។ ភារកិច្ចនេះត្រូវបានហៅថា “Child Find (ស្វែងរកកុមារ)”។ មណ្ឌលនានាត្រូវមានគោលការណ៍ និងច្បាប់ទម្លាប់ ដើម្បីធានាថាសិស្សដែលមានពិការភាពត្រូវបានកំណត់អត្តសញ្ញាណ ស្វែងរកទីតាំង និងត្រូវបានវាយតម្លៃ។
តើកូនរបស់ខ្ញុំអាចត្រូវបានវាយតម្លៃសម្រាប់ការអប់រំពិសេសដោយរបៀបណា?
ចាំបាច់ត្រូវនាំកូនរបស់អ្នកទៅមណ្ឌលសិក្សាធិការ ដើម្បីវាយតម្លៃសម្រាប់ការអប់រំពិសេស។ ដើម្បីធ្វើការវាយតម្លៃសម្រាប់ការអប់រំពិសេស មណ្ឌលត្រូវតែសម្រេចចិត្តថាត្រូវវាយតម្លៃសិស្សណាម្នាក់ឬអត់ បន្ទាប់មកស្នើសុំការអនុញ្ញាត ឬការយល់ព្រមពីមាតាបិតាសិស្សនោះ ដើម្បីធ្វើការវាយតម្លៃ។ មណ្ឌលសិក្សាធិការត្រូវតែវាយតម្លៃសិស្សលើគ្រប់ផ្នែករបស់គាត់ដែលសង្ស័យថាមានពិការភាព។ ការវាយតម្លៃត្រូវតែធ្វើឡើងដោយឥតគិតថ្លៃពីសិស្ស ឬគ្រួសារ។ មានជំហានមូលដ្ឋានចំនួនបី មុនពេលធ្វើការវាយតម្លៃ៖
ជំហានទី 1 នរណាម្នាក់ដាក់សំណើឱ្យធ្វើការវាយតម្លៃលើសិស្ស។
ជំហានទី 2 មណ្ឌលសម្រេចចិត្តថាចាំបាច់ត្រូវវាយតម្លៃ។
ជំហានទី 3 ផ្ដល់ការយល់ព្រមឱ្យមណ្ឌលធ្វើការវាយតម្លៃ។
តើខ្ញុំអាចដាក់សំណើឱ្យធ្វើការវាយតម្លៃសម្រាប់ការអប់រំពិសេសឱ្យកូនរបស់ខ្ញុំបានដែរទេ?
ក្រោមច្បាប់រដ្ឋវ៉ាស៊ីនតោន មនុស្ស ឬអង្គភាពខាងក្រោមអាចណែនាំសិស្សសម្រាប់ធ្វើការវាយតម្លៃ៖
- អ្នកណាក៏បានដែលត្រូវនឹងនិយមន័យជាមាតាបិតា។
- មណ្ឌលសិក្សាធិការ
- ទីភ្នាក់ងារសាធារណៈផ្សេងទៀត
- បុគ្គលផ្សេងទៀតដែលអាចដឹងអំពីកុមារ។
តើខ្ញុំណែនាំបន្តដើម្បីឱ្យមានការវាយតម្លៃដោយរបៀបណា?
1. ធ្វើជាលាយលក្ខណ៍អក្សរ។ ការណែនាំបន្តត្រូវតែធ្វើជាលាយលក្ខណ៍អក្សរ លុះត្រាតែបុគ្គលដែលណែនាំបន្តនោះមិនអាចសរសេរបាន។ គេអាចសរសេរដោយដៃ និងមានភាពសាមញ្ញ។ ត្រូវប្រាកដថាបានចុះកាលបរិច្ឆេទ និងរក្សាទុកមួយច្បាប់ទុកជាឯកសារ។
2. កុំបារម្ភថាលិខិតណែនាំបន្តមិនល្អឥតខ្ចោះ។ គួរបារម្ភថាត្រូវធ្វើឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ គ្មានអ្វីកើតឡើងទេ ប្រសិនបើគ្មានការណែនាំបន្ត ហើយកាលបរិច្ឆេទដែលមណ្ឌលទទួលបានការណែនាំបន្តនឹងចាប់ផ្ដើមលំដាប់លំដោយពេលវេលាដែលមណ្ឌលត្រូវតែធ្វើសកម្មភាព។
3. ស្នើឱ្យសាលារៀនវាយតម្លៃសម្រាប់លក្ខខណ្ឌទទួលបានក្រោមច្បាប់ IDEA និងផ្នែក 504។ ប្រសិនបើសិស្សមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអប់រំពិសេសក្រោមច្បាប់ IDEA ទេ គាត់ប្រហែលជាមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានសេវាកម្មក្រោមផ្នែក 504។
4. រៀបរាប់ឱ្យច្បាស់ៗអំពីប្រភេទបញ្ហាដែលអ្នកគិតថាកូនរបស់អ្នកមាន។ មណ្ឌលនានាត្រូវធ្វើតេស្តគ្រប់ផ្នែកទាំងអស់ដែលសង្ស័យថាសិស្សមានពិការភាព ដូច្នេះត្រូវប្រាកដថាអ្នករៀបរាប់អំពីបញ្ហាទាំងអស់។ ឧទាហរណ៍ ប្រសិនបើអ្នកគិតថាកូនរបស់អ្នកមានបញ្ហាពិបាកក្នុងការអាន និងមានបញ្ហាផ្លូវអារម្មណ៍ដែលចាំបាច់ត្រូវដោះស្រាយ សូមស្នើឱ្យវាយតម្លៃលើផ្នែកទាំងពីរ។
5. ផ្ដល់ឧទាហរណ៍ បញ្ជាក់អំពីការសង្កេតរបស់អ្នកផ្ទាល់ ដើម្បីរៀបរាប់មូលហេតុដែលអ្នកគិតថាកូនរបស់អ្នកអាចមានពិការភាព។ ប្រសិនបើមាន សូមផ្ដល់ឯកសារដែលបញ្ជាក់ថាកូនរបស់អ្នកប្រហែលជាខ្សោយលើចំណុចណាមួយ ដូចជាលិខិតពីគ្រូពេទ្យ ឬអ្នកផ្ដល់សេវាសុខភាពផ្លូវចិត្តជាដើម។
6. ផ្ញើការណែនាំបន្តទៅនរណាម្នាក់ក្នុងសាលារៀន ឬមណ្ឌលដែលអ្នកគិតថាមានសិទ្ធិអំណាច ហើយនឹងធ្វើសកម្មភាពបានរហ័ស។ ទោះបីជាច្បាប់មិនបញ្ជាក់ថាគួរតែណែនាំនរណាម្នាក់ទៅបុគ្គល ឬការិយាល័យណាក៏ដោយ យកល្អគួរតែផ្ញើទៅនរណាម្នាក់ដែលអ្នកគិតថានឹងធ្វើសកម្មភាពលើករណីនេះ។ ឧទាហរណ៍ អ្នកប្រហែលជាជ្រើសយកការផ្ញើលិខិតណែនាំបន្តទៅនាយកសាលា ឬប្រធានផ្នែកអប់រំពិសេសរបស់មណ្ឌល។
តើមានអ្វីកើតឡើង បន្ទាប់ពីមណ្ឌលទទួលបានការណែនាំបន្ត ដើម្បីវាយតម្លៃសម្រាប់ការអប់រំពិសេស?
មណ្ឌលមាន 25 ថ្ងៃសិក្សាក្នុងការសម្រេចចិត្តថាត្រូវវាយតម្លៃលើសិស្សឬអត់។ (មិនមានលំដាប់លំដោយពេលវេលានៃការវាយតម្លៃក្រោមផ្នែក 504 ទេ។ ប្រសិនបើមណ្ឌលមិនមានគោលការណ៍វាយតម្លៃក្រោមផ្នែក 504 ទេ សូមប្រើលំដាប់លំដោយពេលវេលាក្រោមច្បាប់ IDEA ជាគោល។) ដើម្បីសម្រេចចិត្តថាត្រូវវាយតម្លៃឬអត់ មណ្ឌលត្រូវតែពិនិត្យមើលកំណត់ត្រាអប់រំ និងវេជ្ជសាស្ត្រទាំងឡាយដែលមានស្រាប់ក្នុងឯកសាររបស់សាលារៀន ឬឯកសារដែលផ្ដល់ដោយមាតាបិតា ឬអ្នកមើលថែ។ បន្ទាប់ពីមណ្ឌលបានធ្វើការសម្រេចចិត្តថាត្រូវវាយតម្លៃឬអត់រួចហើយ មណ្ឌលត្រូវតែផ្ញើលិខិតជូនដំណឹងអំពីការសម្រេចចិត្តទៅមាតាបិតា ឬអាណាព្យាបាល។ ប្រសិនបើមណ្ឌលសម្រេចចិត្តថាមិនវាយតម្លៃទេ អ្នកអាចតវ៉ាចំពោះការសម្រេចចិត្តនោះបាន។ សូមមើលផ្នែកទី VII នៃឯកសារបោះពុម្ពផ្សាយនេះ ដើម្បីមើលការរៀបរាប់វិធីផ្សេងៗក្នុងការដោះស្រាយវិវាទជាមួយមណ្ឌល។
ដើម្បីធ្វើការវាយតម្លៃ តើមណ្ឌលត្រូវការការយល់ព្រមលើអ្វី?
មុនពេលដែលមណ្ឌលអាចវាយតម្លៃលើកុមារណាម្នាក់ជាលើកដំបូង មណ្ឌលត្រូវតែស្នើសុំការអនុញ្ញាតពីមាតាបិតា។ ប្រសិនបើមាតាបិតាបដិសេធ នោះមណ្ឌលអាចស្នើសុំឱ្យបើកសវនាការ ដើម្បីទាត់ចោលនូវការបដិសេធរបស់មាតាបិតា។
តើមានអ្វីកើតឡើង បន្ទាប់ពីមណ្ឌលទទួលបានការយល់ព្រមឱ្យធ្វើការវាយតម្លៃ?
មណ្ឌលសិក្សាធិការមាន 35 ថ្ងៃសិក្សាក្នុងការវាយតម្លៃលើសិស្ស។ ច្បាប់រដ្ឋវ៉ាស៊ីនតោនចែងថា បន្ទាប់ពីមណ្ឌលទទួលបានការអនុញ្ញាតឱ្យវាយតម្លៃអំពីសិទ្ធិទទួលបានការអប់រំពិសេស មណ្ឌលមានពេល 35 ថ្ងៃសិក្សាក្នុងការ៖
- វាយតម្លៃពេញលេញលើសិស្ស
- សម្រេចថាតើសិស្សមានពិការភាពឬអត់
- កំណត់ថាតើសិស្សត្រូវការសេវាអប់រំពិសេសឬអត់។
មណ្ឌល និងមាតាបិតាក៏អាចព្រមព្រៀងកំណត់ពេលវេលាផ្សេងទៀតផងដែរ ដរាបណាមណ្ឌលរៀបចំកិច្ចព្រមព្រៀងរបស់មាតាបិតា។ ឧទាហរណ៍ មាតាបិតាប្រហែលជាចង់ព្រមព្រៀងពន្យារលំដាប់លំដោយពេលវេលា ដើម្បីរង់ចាំលទ្ធផលនៃការវាយតម្លៃអំពីការអប់រំដោយឯករាជ្យ។ លំដាប់លំដោយពេលវេលា 35 ថ្ងៃសិក្សាត្រូវបានលើកលែង បើមាតាបិតាបដិសេធម្ដងហើយម្ដងទៀតមិនព្រមនាំកូនទៅធ្វើការវាយតម្លៃ ឬបើកូនប្ដូរទីតាំងពីមណ្ឌលមួយទៅមួយទៀតក្នុងអំឡុងពេលវាយតម្លៃ ដរាបណាមណ្ឌលថ្មីកំពុងមានការវិវឌ្ឍគ្រប់គ្រាន់ដើម្បីធានាថាអាចបញ្ចប់ការវាយតម្លៃបានរហ័ស ហើយមាតាបិតា និងមណ្ឌលថ្មីព្រមព្រៀងគ្នាលើលំដាប់លំដោយពេលវេលាណាមួយដើម្បីបញ្ចប់ការវាយតម្លៃ។
លំដាប់លំដោយពេលវេលាសម្រាប់វាយតម្លៃនៅរដ្ឋវ៉ាស៊ីនតោន
ការណែនាំបន្ត ដើម្បីវាយតម្លៃសម្រាប់ការអប់រំពិសេស
25 ថ្ងៃសិក្សាក្នុងការសម្រេចចិត្តថាត្រូវវាយតម្លៃលើសិស្សឬអត់
លិខិតយល់ព្រមពីមាតាបិតាឱ្យធ្វើការវាយតម្លៃ
35 ថ្ងៃសិក្សាក្នុងការបញ្ចប់ការវាយតម្លៃ
តើមានអ្វីកើតឡើង ប្រសិនបើកូនរបស់ខ្ញុំប្ដូរទីតាំងក្នុងអំឡុងពេលវាយតម្លៃ?
ប្រសិនបើសិស្សប្ដូរទៅមណ្ឌលផ្សេងក្នុងឆ្នាំសិក្សាតែមួយ សាលារៀនមុន និងក្រោយរបស់សិស្សត្រូវតែសម្របសម្រួលឱ្យបានឆាប់បំផុត ដើម្បីធានាថាអាចបញ្ចប់ការវាយតម្លៃសម្រាប់ការអប់រំពិសេសបានរហ័ស។ ច្បាប់រដ្ឋវ៉ាស៊ីនតោនតម្រូវឱ្យមណ្ឌលថ្មីចាប់ផ្ដើមទទួលកំណត់ត្រាសិស្សនៅពេលចុះឈ្មោះសិស្ស ហើយមណ្ឌលសិក្សាធិការមុនរបស់សិស្សត្រូវផ្ដល់ព័ត៌មានសំខាន់ៗក្នុងរយៈពេល 2 ថ្ងៃសិក្សា និងកំណត់ត្រារបស់សាលារៀនឱ្យបានឆាប់បំផុត។
តើការវាយតម្លៃសម្រាប់ការអប់រំពិសេសធ្វើឡើងក្នុងកម្រិតណា?
មណ្ឌលត្រូវតែវាយតម្លៃកុមារលើគ្រប់ផ្នែកដែលសង្ស័យថាមានពិការភាព។ ការវាយតម្លៃសម្រាប់ការអប់រំពិសេសមានគោលបំណងពីរ៖ 1) ដើម្បីកំណត់សិទ្ធិទទួលបានសេវាកម្ម និង 2) ដើម្បីកំណត់អំពីតម្រូវការ ក៏ដូចជាចំណុចខ្លាំងរបស់សិស្ស ដើម្បីឱ្យកម្មវិធីអប់រំសម្របតាមបុគ្គលអាចរៀបចំទៅបាន។ ការដែលមណ្ឌលត្រូវតែវាយតម្លៃលើគ្រប់ផ្នែកទាំងអស់ដែលសង្ស័យថាមានពិការភាពគឺជាចំណុចសំខាន់ខ្លាំងណាស់។ ជួនកាលសិស្សនឹងមានបញ្ហាលើសពីមួយផ្នែកទៅទៀត។ មណ្ឌលអាចបញ្ឈប់ការវាយតម្លៃ បន្ទាប់ពីរកឃើញថាសិស្សមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអប់រំពិសេសក្នុងផ្នែកណាមួយ។ ប្រសិនបើធ្វើការវាយតម្លៃលើផ្នែកតែមួយ នោះអាចនឹងមានព័ត៌មានមិនគ្រប់គ្រាន់អំពីតម្រូវការទាំងអស់របស់សិស្ស ដើម្បីរៀបចំកម្មវិធីសម្របតាមបុគ្គល។ ដើម្បីទទួលបានគម្រោងអប់រំសមស្របបំផុតសម្រាប់កូនរបស់អ្នក សូមយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងក្នុងការវាយតម្លៃរបស់មណ្ឌល ដើម្បីឱ្យប្រាកដថាមានភាពល្អិតល្អន់។ សូមរំលឹកមណ្ឌលអំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការវាយតម្លៃលើគ្រប់ផ្នែក។
តើអាចវាយតម្លៃលើផ្នែកអ្វីខ្លះ ហើយនឹងប្រើប្រភេទតេស្តអ្វីខ្លះ?
មណ្ឌលអាចវាយតម្លៃកុមារលើផ្នែកខាងក្រោម៖
- សុខភាព (សុខភាពផ្លូវកាយ និងផ្លូវចិត្ត)
- ភ្នែក
- ត្រចៀក
- សុខភាពផ្លូវអារម្មណ៍ និងសង្គម
- បញ្ញាទូទៅ
- លទ្ធផលសិក្សា
- ការប្រាស្រ័យទាក់ទង ការនិយាយ និងភាសា
- សមត្ថភាពធ្វើចលនារាងកាយ។
ការធ្វើតេស្តដែលប្រើសម្រាប់ការវាយតម្លៃគួរតែមានសុពលភាព និងសមស្របសម្រាប់ផ្នែកដែលត្រូវធ្វើតេស្ត។ នេះមានន័យថា ការធ្វើតេស្តត្រូវវាស់ស្ទង់ចំណុចដែលពួកគេត្រូវវាស់ស្ទង់ឱ្យបានត្រឹមត្រូវ។ ឧទាហរណ៍ Wechsler Intelligence Scale for Children IV (កម្រិតបញ្ញាសម្រាប់កុមារកំណែទីបួនរបស់ Wechsler) (ហៅកាត់ថាតេស្ត WISC IV) គឺជាតេស្តប្រើជាទូទៅដែលបង្កើតឡើងសម្រាប់វាស់ស្ទង់បញ្ញាទូទៅ។ ជាទូទៅ លទ្ធផលនៃតេស្ត WISC IV មិនគួរប្រើដើម្បីវាយតម្លៃលើស្ថានភាពផ្លូវអារម្មណ៍របស់កុមារទេ ដោយសារគេមិនបង្កើតវាឡើងសម្រាប់គោលបំណងនេះ។ សម្ភារធ្វើតេស្ត និងវាយតម្លៃត្រូវតែជ្រើសរើស និងមានការគ្រប់គ្រងត្រឹមត្រូវ ដើម្បីកុំឱ្យមានការរើសអើងពូជសាសន៍ វប្បធម៌ ឬភេទ។ លើសពីនេះ ការធ្វើតេស្ត និងសម្ភារត្រូវតែផ្ដល់ជូនសិស្សជាភាសាដើមរបស់សិស្ស ឬវិធីប្រាស្រ័យទាក់ទងផ្សេងទៀត (ដូចជាភាសាសញ្ញា) លុះត្រាតែមិនអាចធ្វើដូច្នេះបាន។ តើអ្នកអាចធ្វើអ្វីបាន? សួរសំណួរអំពីការធ្វើតេស្ត។ ពាក្យពេចន៍ដែលប្រើក្នុងការវាយតម្លៃអាចនឹងពិបាកយល់បន្តិច ដូច្នេះតាមរយៈការសួរសំណួរ អ្នកអាចយល់៖
- គោលបំណងនៃការធ្វើតេស្ត និង
- ថាតើប្រភេទនៃការធ្វើតេស្តហាក់ដូចជាសមស្របសម្រាប់កូនអ្នកឬអត់។
ស្នើសមាជិកណាម្នាក់ក្នុងក្រុមវាយតម្លៃឱ្យពន្យល់អំពីការធ្វើតេស្តប្រាប់អ្នកជាភាសាងាយយល់។ ត្រូវប្រាកដថាការធ្វើតេស្តអាចវាស់ស្ទង់សមត្ថភាពបានត្រឹមត្រូវទៅតាមលទ្ធភាពវាស់ស្ទង់របស់វា។ ឧទាហរណ៍ ការធ្វើតេស្តមួយចំនួនមានលក្ខខណ្ឌតម្រូវអំពីអាយុ ជំនាញអាន និងសមត្ថភាពផ្នែកភាសា ដើម្បីឱ្យលទ្ធផលមានសុពលភាព។ ប្រសិនបើកូនរបស់អ្នកនៅក្មេងពេកមិនអាចធ្វើតេស្តជាក់លាក់បាន មិនអាចអានក្នុងកម្រិតចាំបាច់សម្រាប់ការធ្វើតេស្ត ឬប្រសិនបើការធ្វើតេស្តមិនប្រព្រឹត្តទៅជាភាសាដើមរបស់កូនអ្នកទេ នោះលទ្ធផលធ្វើតេស្តប្រហែលជាគ្មានប្រយោជន៍ និងមិនមានសុពលភាពទេ។
តើអ្នកណានឹងធ្វើតេស្ត?
អ្នកជំនាញដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើតេស្តក្នុងផ្នែកដែលសង្ស័យថាមានពិការភាព។ អ្នកចិត្តសាស្ត្ររបស់សាលារៀនអាចធ្វើតេស្តបានច្រើន។ ប៉ុន្តែពិការភាពក្នុងផ្នែកមួយចំនួននឹងត្រូវការអ្នកចិត្តសាស្ត្រដែលបានទទួលការបណ្ដុះបណ្ដាលពិសេស គ្រូពេទ្យផ្នែកវិកលចរិត អ្នកព្យាបាលរាងកាយ/អ្នកព្យាបាលការនិយាយ គ្រូពេទ្យផ្នែកវេជ្ជសាស្ត្រ ឬបុគ្គលដែលមានជំនាញផ្សេងទៀត។ ប្រសិនបើបុគ្គលិកមណ្ឌលមិនអាចបញ្ចប់ការវាយតម្លៃបានទេ មណ្ឌលប្រហែលជាត្រូវរកអ្នកជំនាញពីខាងក្រៅមកបញ្ចប់ដំណើរការវាយតម្លៃ។ ការវាយតម្លៃពីខាងក្រៅទាំងនេះគួរតែបង់ប្រាក់ដោយមណ្ឌល។ មណ្ឌលប្រហែលជាសួរថាតើសិស្ស ឬគ្រួសារមានធានារ៉ាប់រងឯកជន ឬមូលនិធិផ្សេងទៀតដែលនឹងរ៉ាប់រងលើការចំណាយថ្លៃវាយតម្លៃពីខាងក្រៅឬអត់។ ប្រសិនបើសិស្ស ឬគ្រួសារមិនចង់ប្រើអត្ថប្រយោជន៍នៃការធានារ៉ាប់រង ឬប្រភពមូលនិធិផ្សេងទៀតទេ មណ្ឌលនៅតែត្រូវរៀបចំ និងចំណាយថ្លៃធ្វើតេស្តពីខាងក្រៅដែលចាំបាច់ដើម្បីបញ្ចប់ការវាយតម្លៃ។
តើមណ្ឌលអាចប្រមូលព័ត៌មានអំពីសិទ្ធិទទួលបានរបស់កូនខ្ញុំ និងភាពចាំបាច់ដើម្បីទទួលបានការអប់រំពិសេសតាមវិធីអ្វីខ្លះទៀត?
មណ្ឌលត្រូវតែប្រើយុទ្ធសាស្ត្រ និងឧបករណ៍វាយតម្លៃផ្សេងៗដើម្បីប្រមូលព័ត៌មានអំពីការសិក្សា ការវិវឌ្ឍ និងមុខងារដែលពាក់ព័ន្ធអំពីសិស្ស។ ការប្រមូលព័ត៌មានអាចមានទាំងការអង្កេតលើសិស្ស ការសម្ភាសគ្រួសារ អ្នកមើលថែ និងអ្នកផ្សេងទៀតដែលស្គាល់សិស្ស។ ច្បាប់ IDEA និង No Child Left Behind Act (ច្បាប់ស្ដីពីការមិនទុកកុមារណាម្នាក់ចោល) សង្កត់ធ្ងន់លើការប្រើប្រាស់ការវាយតម្លៃក្នុងថ្នាក់សម្រាប់ការប្រមូលព័ត៌មាន។ ជាធម្មតាគេហៅការវាយតម្លៃក្នុងថ្នាក់ទាំងនេះថា វិធានការផ្អែកលើកម្មវិធីសិក្សា។ អ្នកគួរតែសាកសួរថាតើវិធានការផ្អែកលើកម្មវិធីសិក្សាត្រូវបានប្រើជាមួយកូនរបស់អ្នកឬអត់ ដើម្បីឱ្យសមាជិកទាំងអស់ក្នុងក្រុមវាយតម្លៃអាចត្រួតពិនិត្យលើការវាយតម្លៃទាំងនេះ ព្រោះជួនកាលវិធានការផ្អែកលើកម្មវិធីសិក្សាត្រូវបានធ្វើឡើងដោយគ្រូបង្រៀនផ្នែកអប់រំទូទៅ ហើយមិនធ្វើរួមគ្នាជាមួយបុគ្គលិកផ្នែកអប់រំពិសេសទេ។
ចុះបើខ្ញុំមិនយល់ស្របនឹងកម្រិត ឬលទ្ធផលនៃការវាយតម្លៃ?
អ្នកអាចស្នើឱ្យមានការវាយតម្លៃលើការអប់រំដោយឯករាជ្យដោយមណ្ឌលជាអ្នកចំណាយ ប្រសិនបើអ្នកមិនយល់ស្របនឹងការវាយតម្លៃទេ។ ប្រសិនបើអ្នកមានក្ដីកង្វល់អំពីកម្រិត ឬលទ្ធផលនៃការវាយតម្លៃ មានចំណុចមួយចំនួនដែលអ្នកអាចធ្វើបាន៖
- ជជែកជាមួយមណ្ឌល ហើយប្រាប់ពីក្ដីកង្វល់របស់អ្នក។ ស្នើឱ្យមណ្ឌលធ្វើការវាយតម្លៃបន្ថែម ឬបន្តទៀត
- ស្វែងរកវិធីមួយចំនួនផ្សេងទៀតសម្រាប់ធ្វើការវាយតម្លៃ (តើកូនរបស់អ្នកមានធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រដែលនឹងរ៉ាប់រងថ្លៃវាយតម្លៃក្នុងផ្នែកដែលព្រួយបារម្ភឬទេ? មណ្ឌលត្រូវតែពិចារណាលើការវាយតម្លៃពីខាងក្រៅ។)
- ស្នើឱ្យមានការវាយតម្លៃលើការអប់រំដោយឯករាជ្យដោយមណ្ឌលជាអ្នកចំណាយ ហើយសុំបញ្ជីឈ្មោះអ្នកវាយតម្លៃពីមណ្ឌល
- ពិចារណាអំពីជម្រើសដោះស្រាយវិវាទផ្លូវការច្រើនទៀត ដូចជាការសម្រុះសម្រួល ការប្ដឹងតវ៉ា ឬសវនាការដំណើរការមានកាលកំណត់។ សូមមើលផ្នែកទី VII នៃឯកសារបោះពុម្ពផ្សាយនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីដំណោះស្រាយចំពោះវិវាទ។
តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំស្នើឱ្យមាន “ការវាយតម្លៃលើការអប់រំដោយឯករាជ្យដោយរដ្ឋជាអ្នកចំណាយ?”
មណ្ឌលត្រូវតែផ្ដល់តាមសំណើ ពុំនោះទេត្រូវបើកសវនាការ ដើម្បីបង្ហាញថាការវាយតម្លៃរបស់ខ្លួនមានភាពសមស្រប។ ការវាយតម្លៃលើការអប់រំដោយឯករាជ្យមានន័យថាជាការវាយតម្លៃដែលធ្វើឡើងដោយបុគ្គលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលមិនមែនជាបុគ្គលិករបស់មណ្ឌលទទួលបន្ទុកលើការអប់រំសិស្សនោះ។ តាមការស្នើសុំ មណ្ឌលត្រូវតែផ្ដល់ព័ត៌មានអំពីកន្លែងដែលអាចទទួលបានការវាយតម្លៃដោយឯករាជ្យដល់មាតាបិតា។ មាតាបិតាមានសិទ្ធិជ្រើសរើសអ្នកដែលធ្វើការវាយតម្លៃ។ មណ្ឌលមានពេល 15 ថ្ងៃនៃប្រតិទិនក្នុងការស្នើសុំបើកសវនាការដំណើរការមានកាលកំណត់ ប្រសិនបើខ្លួនជំទាស់នឹងសំណើសុំធ្វើការវាយតម្លៃដោយឯករាជ្យ។ ប្រសិនបើមណ្ឌលមិនស្នើសុំបើកសវនាការក្នុងរយៈពេល 15 ថ្ងៃនៃប្រតិទិនទេ មណ្ឌលត្រូវតែបង់ប្រាក់ថ្លៃវាយតម្លៃដោយឯករាជ្យ ឬធានាថាផ្ដល់ការវាយតម្លៃដោយគ្មានការគិតថ្លៃពីសិស្ស ឬគ្រួសារ។ ប្រសិនបើមន្ត្រីសវនាការកំណត់ថា ការវាយតម្លៃរបស់មណ្ឌលមានភាពសមស្រប មាតាបិតានៅតែមានសិទ្ធិស្នើសុំការវាយតម្លៃដោយឯករាជ្យដដែល ប៉ុន្តែមណ្ឌលមិនចាំបាច់បង់ថ្លៃវាយតម្លៃនោះទេ។ មណ្ឌលនៅតែត្រូវពិចារណាអំពីលទ្ធផលនៃការវាយតម្លៃដោយឯករាជ្យ ទោះបីជាខ្លួនមិនចាំបាច់បង់ថ្លៃវាយតម្លៃនោះក៏ដោយ។