ដំណោះស្រាយវិវាទនៃការអប់រំពិសេស
បានធ្វើបច្ចុប្បន្នភាពនៅខែមិថុនា ឆ្នាំ 2024
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីដោះស្រាយវិវាទជាមួយមណ្ឌលសិក្សាធិការ?
ជួបជាមួយមណ្ឌល ស្នើសុំការសម្រុះសម្រួល ដាក់បណ្ដឹងតវ៉ា ឬដាក់បណ្ដឹងឱ្យបើកសវនាការមិនលម្អៀង។
ខណៈពេលតស៊ូមតិសម្រាប់សិស្សដែលមានពិការភាពរបស់អ្នក អ្នកអាចនឹងមិនយល់ស្របជាមួយមណ្ឌលសិក្សាធិការ។ ក្នុងករណីដែលអាចទៅរួច យកល្អគួរព្យាយាមដោះស្រាយបញ្ហាដោយពិភាក្សាជាមួយសមាជិកក្រុមការងារ Individualized Education Program (IEP, កម្មវិធីអប់រំតម្រូវតាមបុគ្គល) ឬមន្ត្រីផ្សេងទៀតរបស់មណ្ឌលសិក្សាធិការ។ បើវិធីសាស្ត្រនេះគ្មានប្រសិទ្ធភាពទេ មានវិធីជាច្រើនសម្រាប់ដោះស្រាយវិវាទដែលកំណត់ដោយច្បាប់។
មាតាបិតា និងសាលារៀនអាចជ្រើសយកនីតិវិធីដាក់បណ្ដឹងតវ៉ាផ្លូវការ ការសម្រុះសម្រួល និងសវនាការមិនលម្អៀង ដើម្បីដោះស្រាយវិវាទអំពីការអប់រំពិសេស រួមទាំងការមិនយល់ស្របអំពី៖
- ការកំណត់អត្តសញ្ញាណសិស្សថាមានពិការភាព
- ការវាយតម្លៃលើសិស្ស
- ការផ្ដល់សេវាអប់រំពិសេស
- ការដាក់កុមារក្នុងកម្មវិធីអប់រំ។
បណ្ដឹងតវ៉ា
មានដំណើរការដាក់បណ្ដឹងតវ៉ាផ្លូវការចំនួនពីរ ប្រសិនបើមានការមិនយល់ស្របអំពីកម្មវិធីអប់រំពិសេស [Individuals with Disabilities Education Act (IDEA, ច្បាប់ស្ដីពីការអប់រំបុគ្គលមានពិការភាព) ឬ 504] របស់សិស្សណាម្នាក់។
- បណ្ដឹងតវ៉ាសហគមន៍អប់រំពិសេសទៅ Office of the Superintendent of Public Instruction នៃរដ្ឋវ៉ាស៊ីនតោន។
តើអ្វីជាបណ្ដឹងតវ៉ាសហគមន៍អប់រំពិសេស?
បណ្ដឹងតវ៉ាសហគមន៍អប់រំពិសេស ដែលពីមុនហៅថា "បណ្ដឹងតវ៉ាពលរដ្ឋ" គឺជាវិធីដោះស្រាយបញ្ហាមិនយល់ស្របគ្នារវាងសិស្ស និងមណ្ឌលសិក្សាធិការ ដោយទីភ្នាក់ងារខាងក្រៅ។ បណ្ដឹងតវ៉ាសហគមន៍គួរតែដាក់ទៅ Office of Superintendent of Public Instruction (OSPI, ការិយាល័យគ្រប់គ្រងការបង្រៀនសាធារណៈ) នៅពេលនរណាម្នាក់ជឿជាក់ថាស្ថាប័នអប់រំណាមួយ (រួមមានសាលារៀនរដ្ឋឬឯកជន មណ្ឌលសិក្សាធិការ ឬរដ្ឋ) បានបំពានលក្ខខណ្ឌតម្រូវតាមច្បាប់ IDEA ឬបទប្បញ្ញត្តិស្ដីពីការអប់រំពិសេសរបស់រដ្ឋ។
តើនរណាអាចដាក់បណ្ដឹងតវ៉ាសហគមន៍អប់រំពិសេស?
បុគ្គល ឬស្ថាប័នណាក៏អាចដាក់បណ្ដឹងតវ៉ាទៅ Office of the Superintendent of Public Instruction បានដែរ។
តើមានលក្ខខណ្ឌតម្រូវអ្វីខ្លះសម្រាប់បណ្ដឹងតវ៉ាសហគមន៍អប់រំពិសេស?
បណ្ដឹងតវ៉ាត្រូវតែ៖
- ធ្វើជាលាយលក្ខណ៍អក្សរ
- ចុះហត្ថលេខាដោយបុគ្គលដែលដាក់បណ្ដឹងតវ៉ា
- មានសេចក្ដីអះអាងថាស្ថាប័នអប់រំបានបំពានច្បាប់ស្ដីពីការអប់រំពិសេសនៅឆ្នាំមុន
- លើកឡើងពីអង្គហេតុនៃការបំពាន
- រាយឈ្មោះ និងអាសយដ្ឋានរបស់បុគ្គលដែលដាក់បណ្ដឹងតវ៉ា និង
- រាយឈ្មោះ និងអាសយដ្ឋានរបស់ស្ថាប័នអប់រំ។
បើបណ្ដឹងតវ៉ានោះផ្ដោតលើសិស្សជាក់លាក់ វាត្រូវតែរួមបញ្ចូលផងដែរនូវ៖
-
- ឈ្មោះរបស់សិស្ស
- ឈ្មោះមណ្ឌលសិក្សាធិការរបស់សិស្ស
- ការពណ៌នាអំពីបញ្ហាដែលប៉ះពាល់ដល់សិស្ស
- ដំណោះស្រាយដែលស្នើឱ្យមានចំពោះបញ្ហានោះ។
តើអាចរកទម្រង់បែបបទនៃបណ្ដឹងតវ៉ាសហគមន៍នៅកន្លែងណា?
OSPI បានបង្កើតទម្រង់បែបបទដែលជាជម្រើសសម្រាប់អ្នក ដើម្បីប្រើប្រាស់នៅពេលដាក់បណ្ដឹងតវ៉ាសហគមន៍អប់រំពិសេស។ ទម្រង់បែបបទនេះមាននៅ៖ https://ospi.k12.wa.us/student-success/special-education/dispute-resolution/file-community-complaint
តើអ្នកអាចមានឥទ្ធិពលខ្លាំងនៅកន្លែងណា?
ពេលអ្នកដាក់បណ្ដឹងតវ៉ាសហគមន៍ ត្រូវប្រាកដថាតាមដានលំដាប់លំដោយពេលវេលាដោយយកចិត្តទុកដាក់។ បើ OSPI ឬស្ថាប័នអប់រំមិនបានធ្វើសកម្មភាពក្នុងរយៈពេលសមស្របទេ អ្នកមានហេតុផលក្នុងការដាក់បណ្ដឹងតវ៉ាមួយទៀត។
ត្រូវប្រាកដថាបញ្ចូលកំណត់ត្រាសាលារៀនមានលេខទំព័រដែលពាក់ព័ន្ធរួមជាមួយបណ្ដឹងតវ៉ារបស់អ្នក ដើម្បីកាន់តែងាយស្រួលរកមើលកំណត់ត្រាទាំងនោះ។
តើមានអ្វីកើតឡើង ក្រោយពេលដាក់បណ្ដឹងតវ៉ាសហគមន៍អប់រំពិសេស?
ពេល OSPI ទទួលបានបណ្ដឹងតវ៉ា ការិយាល័យនេះត្រូវតែផ្ញើបណ្ដឹងតវ៉ាមួយច្បាប់ទៅមណ្ឌលសិក្សាធិការ។ ក្នុងចន្លោះពេល 20 ថ្ងៃរាប់តាមប្រតិទិនក្រោយទទួលបានបណ្ដឹងតវ៉ា មណ្ឌលសិក្សាធិការត្រូវតែស៊ើបអង្កេតលើបណ្ដឹងតវ៉ា និងឆ្លើយតបជាលាយលក្ខណ៍អក្សរទៅ OSPI។ OSPI នឹងផ្ញើច្បាប់ចម្លងនៃការឆ្លើយតបរបស់មណ្ឌលសិក្សាធិការជូនអ្នកមួយច្បាប់។ បន្ទាប់មក អ្នកមានជម្រើសដាក់បញ្ជូនព័ត៌មានបន្ថែមអំពីបណ្ដឹងតវ៉ា។
ក្នុងចន្លោះពេល 60 ថ្ងៃរាប់តាមប្រតិទិន OSPI ត្រូវតែធ្វើការសម្រេចចិត្តជាលាយលក្ខណ៍អក្សរដោយឯករាជ្យ ថាតើស្ថាប័នអប់រំកំពុងបំពានច្បាប់ស្ដីពីការអប់រំពិសេសរបស់រដ្ឋ ឬសហព័ន្ធឬអត់។ ការសម្រេចចិត្តត្រូវតែរួមបញ្ចូលការរកឃើញអង្គហេតុ និងវិធានការសមហេតុផលដែលចាំបាច់ក្នុងការដោះស្រាយបណ្ដឹងតវ៉ា។ លំដាប់លំដោយពេលវេលានេះអាចពន្យារបាន ប្រសិនបើ៖
1) មានកាលៈទេសៈពិសេសទាក់ទងនឹងបណ្ដឹងតវ៉ា ឬ
2) ដើមបណ្ដឹង និងស្ថាប័នអប់រំយល់ស្របគ្នាជាលាយលក្ខណ៍អក្សរក្នុងការពន្យារលំដាប់លំដោយពេលវេលា ដើម្បីប្រើការសម្រុះសម្រួល ឬវិធីដោះស្រាយវិវាទផ្សេងទៀត។
បន្ទាប់មក មណ្ឌលសិក្សាធិការត្រូវតែគោរពតាមលំដាប់លំដោយពេលវេលាដែលបានកំណត់ក្នុងការសម្រេចចិត្តជាលាយលក្ខណ៍អក្សររបស់ OSPI ដើម្បីធ្វើសកម្មភាពកែតម្រូវតាមការណែនាំ។ បើមណ្ឌលសិក្សាធិការមិនអនុវត្តតាមទេ OSPI អាចមិនផ្ដល់ថវិកាដល់មណ្ឌលសិក្សាធិការនោះ ឬបង្គាប់ឱ្យមានដំណោះស្រាយផ្សេង។
បើសម្រេចចិត្តថាមណ្ឌលសិក្សាធិការមិនបានផ្ដល់សេវាសមស្របដល់សិស្សដែលមានពិការភាពទេ OSPI ត្រូវតែ៖
- សម្រេចចិត្តថាតើមណ្ឌលសិក្សាធិការគួរតែប៉ះប៉ូវយ៉ាងណាខ្លះសម្រាប់ការមិនផ្ដល់សេវា ដែលរួមមានការបង់ប្រាក់ ឬការចាត់វិធានការកែតម្រូវមួយចំនួនផ្សេងទៀត ដើម្បីដោះស្រាយតម្រូវការរបស់សិស្ស។
- ដោះស្រាយការផ្ដល់សេវានាពេលអនាគតសម្រាប់សិស្សទាំងអស់ដែលមានពិការភាព។
តើខ្ញុំអាចរកព័ត៌មានបន្ថែមអំពីបណ្ដឹងតវ៉ាសហគមន៍របស់ OSPI នៅទីណា?
https://ospi.k12.wa.us/student-success/special-education/dispute-resolution/file-community-complaint
បណ្ដឹងតវ៉ាសិទ្ធិពលរដ្ឋទៅ Office of Civil Rights for the Department of Education នៃសហរដ្ឋអាមេរិក
តើអ្វីជាបណ្ដឹងតវ៉ាសិទ្ធិពលរដ្ឋ?
ផ្នែកទី 504 គឺជាច្បាប់ប្រឆាំងនឹងការរើសអើងដែលមានគោលដៅលុបបំបាត់ការរើសអើង ដោយផ្អែកលើពិការភាពនៅក្នុងកម្មវិធីទាំងអស់ដែលទទួលថវិកាពីសហព័ន្ធ។ ដោយសារសាលារៀនសាធារណៈ និងមណ្ឌលសិក្សាធិការទទួលប្រាក់ពីសហព័ន្ធ ពួកគេត្រូវគោរពតាមលក្ខខណ្ឌតម្រូវនៃផ្នែក 504។
Office for Civil Rights (OCR, ការិយាល័យទទួលបន្ទុកផ្នែកសិទ្ធិពលរដ្ឋ) នៃសហរដ្ឋអាមេរិកសម្រាប់ Department of Education (ក្រសួងអប់រំ) នៃសហរដ្ឋអាមេរិកពង្រឹងកិច្ចគាំពារតាមផ្នែក 504 និងទទួលខុសត្រូវចំពោះការស៊ើបអង្កេតលើបណ្ដឹងតវ៉ា។
តើនរណាខ្លះអាចដាក់បណ្ដឹងតវ៉ាសិទ្ធិពលរដ្ឋបាន?
នរណាក៏អាចដាក់បណ្ដឹងតវ៉ាទៅ Office of Civil Rights នៃសហរដ្ឋអាមេរិកបានដែរ រាល់ពេលដែលសិស្សមានពិការភាពណាម្នាក់មិនទទួលបានអត្ថប្រយោជន៍នៃការអប់រំពីកម្មវិធីប្រហាក់ប្រហែលនឹងអត្ថប្រយោជន៍ដែលសិស្សគ្មានពិការភាពទទួលបានទេ។ ឧទាហរណ៍ នៅពេលសិស្សម្នាក់ដែលមានពិការភាពផ្នែកឥរិយាបថត្រូវបានប្រាប់ថាគាត់មិនអាចធ្វើដំណើរទស្សនកិច្ចសិក្សាបានទេ ហើយត្រូវតែនៅក្នុងការិយាល័យនាយក រីឯសិស្សផ្សេងទៀតទាំងអស់ក្នុងថ្នាក់អាចទៅបាន។ បណ្ដឹងតវ៉ាទៅ OCR ក៏អាចរួមបញ្ចូលបញ្ហាលទ្ធភាពទទួលបាន ដូចជាខ្វះផ្លូវជម្រាលសម្រាប់កុមារជិះកៅអីរុញ ឬមណ្ឌលសិក្សាធិការមិនបានផ្ដល់ការសម្របសម្រួលឬសេវាដែលគួរតែ ឬត្រូវបានបញ្ចូលក្នុងគម្រោង 504 របស់សិស្ស។
តើមានលក្ខខណ្ឌតម្រូវអ្វីខ្លះសម្រាប់បណ្ដឹងតវ៉ាសិទ្ធិពលរដ្ឋ?
បណ្ដឹងតវ៉ាសិទ្ធិពលរដ្ឋត្រូវតែដាក់ក្នុងចន្លោះពេល 180 ថ្ងៃរាប់តាមប្រតិទិន (6 ខែ) បន្ទាប់ពីកាលបរិច្ឆេទដែលមានការរើសអើង។ បណ្ដឹងតវ៉ាគួរតែរួមបញ្ចូល៖
► ឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទរបស់បុគ្គលដាក់បណ្ដឹង
► ឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទរបស់បុគ្គលរងការរើសអើង
► ឈ្មោះ និងអាសយដ្ឋានសាលារៀន មណ្ឌលសិក្សាធិការ ឬបុគ្គលដែលបានរើសអើង
► មូលដ្ឋាននៃការរើសអើង (ជាតិសាសន៍ ពិការភាព ដើមកំណើត ។ល។)
► ពេលវេលា និងទីកន្លែងដែលការរើសអើងបានកើតឡើង
► អង្គហេតុនៃការរើសអើង និង
► ច្បាប់ចម្លងនៃខ្លឹមសារលាយលក្ខណ៍អក្សរ ទិន្នន័យ ឬឯកសារផ្សេងទៀតដែលគាំទ្របណ្ដឹងតវ៉ា។
តើត្រូវដាក់បណ្ដឹងតវ៉ាសិទ្ធិពលរដ្ឋទៅ OCR នៅកន្លែងណា?
ដើម្បីដាក់បណ្ដឹងតវ៉ាទៅ OCR អ្នកអាចប្រើទម្រង់បែបបទនៃបណ្ដឹងតវ៉ាតាមប្រព័ន្ធអេឡិចត្រូនិកនៅ៖ https://www2.ed.gov/about/offices/list/ocr/complaintintro.html ឬបំពេញទម្រង់បែបបទដែលអាចបំពេញបាននៅ៖ https://www2.ed.gov/about/offices/list/ocr/complaintform.pdf
មិនថាអ្នកជ្រើសរើសបំពេញទម្រង់បែបបទដែលអាចបំពេញបាន ឬសរសេរលិខិតរបស់អ្នកផ្ទាល់ អ្នកអាចផ្ញើបណ្ដឹងតវ៉ាតាមអ៊ីមែលទៅ OCR.Seattle@ed.gov ឬតាមទូរសារទៅ (206)607-1601។ អ្នកក៏អាចផ្ញើបណ្ដឹងតវ៉ាតាមអ៊ីមែលទៅ៖
Office for Civil Rights
U.S. Department of Education
915 2nd Avenue #3310
Seattle, WA 981074-1099
តើមានអ្វីកើតឡើង ក្រោយពេលដាក់បណ្ដឹងតវ៉ាសិទ្ធិពលរដ្ឋ?
OCR ត្រួតពិនិត្យព័ត៌មានក្នុងបណ្ដឹងតវ៉ា និងសម្រេចចិត្តថាត្រូវដំណើរការបន្តលើបណ្ដឹងតវ៉ាឬអត់។ ការិយាល័យនេះត្រូវតែកំណត់ថាតើខ្លួនមានសិទ្ធិអំណាចក្នុងការស៊ើបអង្កេតលើបណ្ដឹងតវ៉ាឬអត់ និងថាតើបណ្ដឹងតវ៉ាត្រូវបានដាក់បញ្ជូនទាន់ពេលឬអត់។ បណ្ដឹងតវ៉ាត្រូវតែដាក់ក្នុងចន្លោះពេល 180 ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទដែលចោទថាមានការរើសអើង។
OCR នឹងស្នើឱ្យអ្នកចុះហត្ថលេខាលើទម្រង់បែបបទយល់ព្រម ដែលជាផ្នែកមួយនៃដំណើរការ។ OCR នឹងទាក់ទងទៅអ្នកតាមអ៊ីមែល ឬលេខទូរសព្ទ ប្រសិនបើមិនទទួលបានទម្រង់បែបបទនេះនៅថ្ងៃទី 15 ក្រោយពេលស្នើឱ្យអ្នកចុះហត្ថលេខាទេ និងជម្រាបថាអ្នកមានពេល 5 ថ្ងៃទៀតក្នុងការចុះហត្ថលេខាលើទម្រង់បែបបទនេះ។ អ្នកក៏អាចនឹងត្រូវបានស្នើឱ្យផ្ដល់ព័ត៌មានបន្ថែមផងដែរ។ បើត្រូវការព័ត៌មានបន្ថែម OCR ត្រូវតែផ្ដល់ពេលឱ្យអ្នកយ៉ាងតិច 20 ថ្ងៃដើម្បីផ្ដល់ព័ត៌មានដែលស្នើសុំ។
ក្រោយពេល OCR បញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ទាំងអ្នកនិងមណ្ឌលសិក្សាធិការនឹងទទួលបានលិខិតបញ្ជាក់ការរកឃើញ ដែលពន្យល់ថាតើភស្តុតាងនោះគាំទ្រថាមានការបំពានឬអត់។ បើ OCR រកឃើញថាមណ្ឌលសិក្សាធិការមិនបានគោរពតាមច្បាប់ទេ ការិយាល័យនេះនឹងទាក់ទងទៅមណ្ឌលសិក្សាធិការ ដើម្បីពិនិត្យមើលថាតើមណ្ឌលសិក្សាធិការមានបំណងចូលរួមក្នុងកិច្ចព្រមព្រៀងដោះស្រាយស្ម័គ្រចិត្តឬអត់។ បើមណ្ឌលសិក្សាធិការមិនយល់ព្រមដោះស្រាយបញ្ហាទេ OCR អាចចាត់វិធានការបន្ថែមដូចជា ផ្ទេរសំណុំរឿងនេះទៅ Department of Justice (ក្រសួងយុត្តិធម៌) ជាដើម។
បើអ្នកគិតថា មណ្ឌលសិក្សាធិការកំពុងបំពានសិទ្ធិរបស់សិស្សក្នុងការទទួលបានបទពិសោធអប់រំដែលសមស្រប សូមពិចារណាដាក់បណ្ដឹងតវ៉ា។
ការសម្រុះសម្រួល
តើអ្វីជាការសម្រុះសម្រួល?
ការសម្រុះសម្រួលគឺជាប្រភេទនៃការដោះស្រាយវិវាទ។ យោងតាមច្បាប់ IDEA រដ្ឋចាំបាច់ត្រូវផ្ដល់សេវាសម្រុះសម្រួលឥតគិតថ្លៃដល់មាតាបិតា/អាណាព្យាបាល និងមណ្ឌលសិក្សាធិការក្នុងគោលបំណងដោះស្រាយវិវាទអំពីកម្មវិធីអប់រំពិសេសរបស់សិស្ស។
ដំណើរការសម្រុះសម្រួលអញ្ជើញសាលារៀន និងមាតាបិតា ឬអាណាព្យាបាលមកជួបជុំគ្នាជាមួយបុគ្គលទីបីដែលអព្យាក្រឹត ពោលគឺអ្នកសម្រុះសម្រួល។ អ្នកសម្រុះសម្រួលជួបភាគីទាំងសងខាង ដើម្បីព្យាយាមសម្រេចកិច្ចព្រមព្រៀងដែលអាចទទួលយកបានចំពោះតម្រូវការអប់រំរបស់សិស្ស។ ដំណើរការនេះគឺជាការស្ម័គ្រចិត្ត ដូច្នេះទាំងមាតាបិតាឬអាណាព្យាបាល និងមណ្ឌលសិក្សាធិការត្រូវតែមានការយល់ព្រមក្នុងការចូលរួម។ ការសម្រុះសម្រួលអាចជាវិធីដ៏ប្រសើរបំផុតដើម្បីកែលម្អសេវាសម្រាប់សិស្ស ដោះស្រាយវិវាទ និងផ្សះផ្សាទំនាក់ទំនងរវាងសាលារៀន និងមាតាបិតាឬអាណាព្យាបាល។
បើការសម្រុះសម្រួលបានជោគជ័យ ភាគីទាំងសងខាងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្ជាប់កាតព្វកិច្ចស្របច្បាប់ដែលបញ្ជាក់ពីដំណោះស្រាយ។ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងគឺអាស្រ័យលើសាលារៀន និងមាតាបិតាឬអាណាព្យាបាលជាអ្នកអនុវត្ត។ នៅពេលឈានដល់កិច្ចព្រមព្រៀងនៃការសម្រុះសម្រួលហើយ អ្នកសម្រុះសម្រួលដកខ្លួនចេញ និងគ្មានសិទ្ធិអំណាចបង្ខំឱ្យភាគីខាងណាធ្វើអ្វីមួយឡើយ។ បើមានវិវាទទាក់ទងនឹងកិច្ចព្រមព្រៀងនៃការសម្រុះសម្រួល មាតាបិតាឬអាណាព្យាបាលអាចស្វែងរកការអនុវត្តច្បាប់នៅក្នុងតុលាការរដ្ឋ ឬសហព័ន្ធបាន។ បើមានវិវាទថ្មី ឬផ្សេងទៀតកើតឡើង មាតាបិតាឬអាណាព្យាបាល ឬមណ្ឌលសិក្សាធិការអាចប្រើដំណោះស្រាយវិវាទគ្រប់ទម្រង់ដែលមានស្របតាមច្បាប់។
សំណើសុំការសម្រុះសម្រួលគួរតែស្នើទៅ Sound Options។ អ្នកអាចធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរ ឬតាមទូរសព្ទបាន។ ភាគីខាងណាក៏អាចទាក់ទងទៅ Sound Options បានដែរ ហើយពួកគេនឹងទាក់ទងទៅភាគីម្ខាងទៀត។ អ្នកអាចទាក់ទងទៅ Sound Options តាមរយៈលេខ 1-800-692-2540។
គន្លឹះក្នុងការតស៊ូមតិ
ការយល់ព្រមចូលរួមក្នុងការសម្រុះសម្រួលមិនមែនមានន័យថា អ្នកមិនអាចស្នើសុំបើកសវនាការមិនលម្អៀងនៅពេលក្រោយនោះទេ។ អ្នកអាចបញ្ឈប់ដំណើរការសម្រុះសម្រួលបានគ្រប់ពេល ហើយនៅតែអាចស្នើសុំបើកសវនាការមិនលម្អៀងបានដដែល។ ដែនកំណត់តែមួយគត់គឺថា ការសន្ទនាដែលបានធ្វើឡើងក្នុងអំឡុងដំណើរការសម្រុះសម្រួលមិនអាចប្រើជាភស្តុតាងក្នុងសវនាការមិនលម្អៀងនៅពេលក្រោយបានឡើយ។ ទោះយ៉ាងណា កិច្ចព្រមព្រៀងនៃការសម្រុះសម្រួលជាលាយលក្ខណ៍អក្សរអាចប្រើជាភស្តុតាងបាន។
សវនាការមិនលម្អៀង
តើអ្វីជាសវនាការមិនលម្អៀង?
សវនាការមិនលម្អៀងគឺជានីតិវិធីរដ្ឋបាលផ្លូវការ ដែលដូចភាគច្រើនទៅនឹងការជំនុំជម្រះក្ដីដែរ។ មាតាបិតាឬអាណាព្យាបាល និងមណ្ឌលសិក្សាធិការមានឱកាសរៀងៗខ្លួនក្នុងការបង្ហាញភស្តុតាងនិងសាក្សី និងពិនិត្យឆ្លងសាក្សីដែលនាំមកដោយភាគីម្ខាងទៀត។
មន្ត្រីសវនាការធ្វើការសម្រេចចិត្តជាលាយលក្ខណ៍អក្សរផ្អែកតាមអង្គហេតុ និងច្បាប់។
តើខ្ញុំត្រូវមានមេធាវីសម្រាប់សវនាការមិនលម្អៀងដែរទេ?
ទេ ប៉ុន្តែអ្នកមានសិទ្ធិរកមេធាវីតំណាង ប្រសិនបើអ្នកចង់។
មាតាបិតាឬអាណាព្យាបាលរបស់សិស្សដែលមានពិការភាពអាចទទួលបានការណែនាំ ឬតំណាងដោយមេធាវីនៅក្នុងសវនាការមិនលម្អៀង។ ការមានមេធាវីមិនមែនជាការតម្រូវទេ ហើយអ្នកអាចជោគជ័យក្នុងសវនាការដោយមិនចាំបាច់មានមេធាវី។ ជាធម្មតា យកល្អគួរពិគ្រោះជាមួយមេធាវី ឬបុគ្គលមានចំណេះដឹងខ្ពស់ផ្សេងទៀត ដើម្បីជួយស្នើសុំ និងត្រៀមខ្លួនសម្រាប់សវនាការ។
តើខ្ញុំអាចស្នើសុំសវនាការមិនលម្អៀងដោយរបៀបណា?
ដាក់សំណើជាលាយលក្ខណ៍អក្សរទៅ Office of Administrative Hearings (ការិយាល័យទទួលបន្ទុកផ្នែកសវនាការរដ្ឋបាល) ហើយជូនដំណឹងទៅមណ្ឌលសិក្សាធិការ។
សំណើសុំបើកសវនាការមិនលម្អៀងត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរ និងមានព័ត៌មានខាងក្រោម៖
- ឈ្មោះ និងអាសយដ្ឋានរបស់សិស្ស។
- មណ្ឌលសិក្សាធិការ និងសាលារៀនដែលសិស្សចូលរៀន
- មណ្ឌលសិក្សាធិការដែលទទួលខុសត្រូវក្នុងការផ្ដល់សេវាអប់រំពិសេស បើវាខុសពីមណ្ឌលសិក្សាធិការដែលសិស្សចូលរៀន។
- សេចក្ដីពន្យល់អំពីក្ដីបារម្ភរបស់មាតាបិតា។
- មតិយោបល់របស់អ្នកក្នុងការដោះស្រាយបញ្ហា។
ផ្ញើតាមសំបុត្រ ឬបញ្ជូនសំណើសុំបើកសវនាការមួយច្បាប់របស់អ្នកទៅ៖
Office of Administrative Hearings
P.O. Box 42489
Olympia, WA 98504
អ្នកក៏ត្រូវតែផ្ដល់សំណើសុំបើកសវនាការច្បាប់ដើមទៅមណ្ឌលសិក្សាធិការផងដែរ ដោយបញ្ជូនឬផ្ញើតាមសំបុត្រទៅប្រធានមណ្ឌលសិក្សាធិការ។ កុំភ្លេចរក្សាទុកមួយច្បាប់សម្រាប់ខ្លួនអ្នក!
OSPI បានបង្កើតទម្រង់បែបបទស្នើសុំបើកសវនាការមិនលម្អៀង ដើម្បីជួយមាតាបិតាក្នុងការស្នើសុំបើកសវនាការមិនលម្អៀង។ ទម្រង់បែបបទនេះមាននៅ៖ https://ospi.k12.wa.us/student-success/special-education/dispute-resolution/request-due-process-hearing
តើមានដែនកំណត់អ្វីខ្លះសម្រាប់សំណើសុំបើកសវនាការ?
សំណើសុំបើកសវនាការត្រូវតែដោះស្រាយការបំពាន ឬបញ្ហាដែលបានកើតឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។ សំណើសុំបើកសវនាការមិនលម្អៀងអាចដោះស្រាយការបំពានលើសពីពីរឆ្នាំចុងក្រោយ ប្រសិនបើមានលក្ខខណ្ឌមួយក្នុងចំណោមពីរនេះ៖
- មាតាបិតាត្រូវបានរារាំងមិនឱ្យស្នើសុំបើកសវនាការមិនលម្អៀងក្នុងរយៈពេលពីរឆ្នាំ ដោយសារមណ្ឌលសិក្សាធិការបានរាយការណ៍ខុសពីការពិតថាខ្លួនបានដោះស្រាយបញ្ហារួចហើយ។
ឬ
- មាតាបិតាត្រូវបានរារាំងមិនឱ្យស្នើសុំបើកសវនាការមិនលម្អៀងក្នុងរយៈពេលពីរឆ្នាំ ដោយសារមណ្ឌលសិក្សាធិការបានបដិសេធមិនផ្ដល់ព័ត៌មានដែលច្បាប់តម្រូវឱ្យខ្លួនចែករំលែក។
ចំណុចសំខាន់ខ្លាំងគឺសំណើសុំបើកសវនាការត្រូវពិភាក្សាអំពីបញ្ហា និងក្ដីបារម្ភទាំងអស់ដែលមាតាបិតាអាចមាន។ ក្រោយពេលទទួលបានសំណើហើយ អាចកែប្រែសំណើនេះបានតែក្នុងករណីដែលមណ្ឌលសិក្សាធិការយល់ព្រមជាលាយលក្ខណ៍អក្សរ ឬមន្ត្រីបើកសវនាការយល់ព្រមឱ្យកែប្រែប៉ុណ្ណោះ ហើយលំដាប់លំដោយពេលវេលាសម្រាប់សម័យដោះស្រាយ (មើលខាងក្រោម) ចាប់ផ្ដើមជាថ្មី។
ទន្ទឹមនឹងនេះ យោងតាមច្បាប់ IDEA មានតែបញ្ហាដែលបានលើកឡើងក្នុងសំណើសុំបើកសវនាការ ឬក្នុងសេចក្ដីកែប្រែលើសំណើនោះប៉ុណ្ណោះដែលអាចដោះស្រាយនៅក្នុងសវនាការមិនលម្អៀងបាន លើកលែងតែភាគីម្ខាងទៀតយល់ព្រម។ ថ្វីបើអ្នកមិនចាំបាច់មានមេធាវីដើម្បីស្នើសុំបើកសវនាការមិនលម្អៀងក៏ដោយ ក៏ការពិគ្រោះជាមួយមេធាវីអាចមានប្រយោជន៍ដែរ នៅពេលព្រាងសំណើសុំបើកសវនាការមិនលម្អៀង ដើម្បីប្រាកដថាក្ដីបារម្ភទាំងអស់របស់អ្នកត្រូវបានលើកឡើង។
តើមានអ្វីកើតឡើងក្រោយពេលខ្ញុំដាក់សំណើសុំបើកសវនាការមិនលម្អៀង?
មណ្ឌលសិក្សាធិការត្រូវតែឆ្លើយតប។
ក្នុងចន្លោះពេល 10 ថ្ងៃរាប់តាមប្រតិទិនក្រោយទទួលបានបណ្ដឹងតវ៉ារបស់មាតាបិតា មណ្ឌលសិក្សាធិការត្រូវតែឆ្លើយតបទៅនឹងបណ្ដឹងតវ៉ានោះ។ មណ្ឌលសិក្សាធិការត្រូវតែពន្យល់មូលហេតុចំពោះវិធានការដែលខ្លួនបានធ្វើ ជម្រើសផ្សេងទៀតអ្វីខ្លះដែលក្រុមការងារ IEP បានពិចារណា និងមូលហេតុដែលជម្រើសទាំងនោះត្រូវបានបដិសេធ ការរៀបរាប់ព័ត៌មានដែលមណ្ឌលសិក្សាធិការបានយោងក្នុងការសម្រេចចិត្ត និងព័ត៌មានអំពីកត្តាទាំងឡាយផ្សេងទៀតពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់មណ្ឌលសិក្សាធិការ។ មណ្ឌលសិក្សាធិការមិនចាំបាច់ឆ្លើយតបទេ ប្រសិនបើខ្លួនបានផ្ញើសេចក្ដីជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនទៅមាតាបិតាអំពីចំណោទបញ្ហាក្នុងបណ្ដឹងតវ៉ានោះ។
តើអ្វីជាសម័យដោះស្រាយ?
សម័យដោះស្រាយគឺជាកិច្ចប្រជុំដែលធ្វើឡើង ក្រោយពេលមានសំណើសុំបើកសវនាការមិនលម្អៀង ប៉ុន្តែមុនពេលបើកសវនាការមិនលម្អៀង។
ក្នុងចន្លោះពេល 15 ថ្ងៃរាប់តាមប្រតិទិន ក្រោយពេលទទួលបានសំណើសុំបើកសវនាការមិនលម្អៀងពីមាតាបិតា មណ្ឌលសិក្សាធិការត្រូវតែបើកកិច្ចប្រជុំជាមួយមាតាបិតា សមាជិកក្រុមការងារ IEP ដែលពាក់ព័ន្ធ និងតំណាងមណ្ឌលសិក្សាធិការដែលមានសិទ្ធិអំណាចធ្វើការសម្រេចចិត្ត។ មណ្ឌលសិក្សាធិការមិនអាចនាំយកមេធាវីមកក្នុងកិច្ចប្រជុំនេះបានទេ លុះត្រាតែមាតាបិតាមានមេធាវីដែរ។ គោលបំណងនៃកិច្ចប្រជុំនេះគឺពិភាក្សាអំពីបណ្ដឹងតវ៉ា និងពិនិត្យមើលថាតើអាចដោះស្រាយបញ្ហាដោយមិនចាំបាច់បើកសវនាការមិនលម្អៀងឬអត់។
បើមាតាបិតា និងមណ្ឌលសិក្សាធិការឈានដល់ការព្រមព្រៀងនៅសម័យដោះស្រាយនោះ ពួកគេត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្ជាប់កាតព្វកិច្ចស្របច្បាប់ដែលត្រូវអនុវត្តក្នុងតុលាការ។ មណ្ឌលសិក្សាធិការ ឬមាតាបិតាមានពេលបីថ្ងៃនៃថ្ងៃធ្វើការដើម្បីប្ដូរចិត្ត និងរំសាយកិច្ចព្រមព្រៀង។
សម័យដោះស្រាយត្រូវតែធ្វើឡើង លុះត្រាតែទាំងមាតាបិតា និងមណ្ឌលសិក្សាធិការយល់ព្រមជាលាយលក្ខណ៍អក្សរក្នុងការបោះបង់កិច្ចប្រជុំ ឬយល់ព្រមប្រើប្រាស់ការសម្រុះសម្រួលជំនួសវិញ។
តើដំណើរការនៃសវនាការមិនលម្អៀងមានរយៈពេលប៉ុន្មាន?
មណ្ឌលសិក្សាធិការមានពេល 30 ថ្ងៃរាប់តាមប្រតិទិនចាប់ពីពេលដែលខ្លួនទទួលបានបណ្ដឹងតវ៉ា ដើម្បីព្យាយាមដោះស្រាយបញ្ហាដោយអាចឱ្យមាតាបិតាពេញចិត្តទទួលយកតាមរយៈដំណើរការដោះស្រាយ។ បើមណ្ឌលសិក្សាធិការមិនអាចធ្វើដូច្នេះបានក្នុងចន្លោះពេល 30 ថ្ងៃរាប់តាមប្រតិទិនទេ លំដាប់លំដោយពេលវេលានៃសវនាការមិនលម្អៀងនឹងចាប់ផ្ដើម។ សវនាការត្រូវតែធ្វើឡើង និងធ្វើការសម្រេចចិត្តក្នុងចន្លោះពេល 45 ថ្ងៃរាប់តាមប្រតិទិន។
រយៈពេលដោះស្រាយ 30 ថ្ងៃរាប់តាមប្រតិទិនត្រូវបានកែសម្រួល បើមានករណីមួយក្នុងចំណោមទាំងនេះកើតឡើង៖
- ភាគីទាំងពីរយល់ព្រមជាលាយលក្ខណ៍អក្សរក្នុងការបោះបង់សម័យដោះស្រាយ។
- ក្រោយសម័យដោះស្រាយ ឬក្រោយពេលសម្រុះសម្រួល ភាគីទាំងពីរយល់ព្រមជាលាយលក្ខណ៍អក្សរថាមិនអាចមានកិច្ចព្រមព្រៀង ឬ
- ភាគីទាំងពីរបានយល់ព្រមចូលរួមក្នុងការសម្រុះសម្រួលហួសសម័យដោះស្រាយរយៈពេល 30 ថ្ងៃ ហើយភាគីម្ខាងដកខ្លួនចេញពីការសម្រុះសម្រួល។ ក្នុងស្ថានភាពទាំងនោះ លំដាប់លំដោយពេលវេលា 45 ថ្ងៃរាប់តាមប្រតិទិននឹងចាប់ផ្ដើមភ្លាមៗ។
រយៈពេលនៃសវនាការផ្ទាល់គឺអាស្រ័យលើបញ្ហាដែលមាន និងរយៈពេលដែលភាគីម្ខាងៗគិតថានឹងត្រូវការ ដើម្បីលើកឡើងពីករណីរបស់ខ្លួន។
សម័យដោះស្រាយមានសារៈសំខាន់ខ្លាំងណាស់។ បើមាតាបិតាគ្មានបំណងចូលរួមក្នុងសម័យដោះស្រាយទេ លំដាប់លំដោយពេលវេលាសម្រាប់កិច្ចប្រជុំដោះស្រាយ និងសវនាការមិនលម្អៀងត្រូវបានពន្យារពេល រហូតដល់កិច្ចប្រជុំត្រូវបានធ្វើឡើង។ បន្ថែមពីនេះ មណ្ឌលសិក្សាធិការអាចស្នើមន្ត្រីបើកសវនាការក្រោយពេលបញ្ចប់រយៈពេលដោះស្រាយ 30 ថ្ងៃឱ្យច្រានចោលសំណើសុំបើកសវនាការមិនលម្អៀងរបស់មាតាបិតា បើមាតាបិតាបដិសេធមិនចូលរួមក្នុងកិច្ចប្រជុំដោះស្រាយ។ ផ្ទុយមកវិញ បើមណ្ឌលសិក្សាធិការមិនបានកំណត់ពេលសម្រាប់កិច្ចប្រជុំដោះស្រាយក្នុងចន្លោះពេល 15 ថ្ងៃក្រោយពេលទទួលបានសំណើសុំបើកសវនាការទេ មាតាបិតាអាចស្នើមន្ត្រីបើកសវនាការឱ្យចាប់ផ្ដើមលំដាប់លំដោយពេលវេលាសវនាការមិនលម្អៀងរយៈពេល 45 ថ្ងៃភ្លាមៗ។
លំដាប់លំដោយពេលវេលាសវនាការមិនលម្អៀង
មាតាបិតាស្នើសុំបើកសវនាការមិនលម្អៀងជាលាយ លក្ខណ៍អក្សរ |
មណ្ឌលសិក្សាធិការឆ្លើយតបក្នុងចន្លោះ ពេល 10 ថ្ងៃ រាប់តាម ប្រតិទិន |
មណ្ឌលសិក្សាធិការកំណត់ពេលសម្រាប់សម័យដោះស្រាយក្នុងចន្លោះពេល 15 ថ្ងៃរាប់តាមប្រតិទិន លុះត្រាតែ មានការបោះបង់ជាលាយ លក្ខណ៍អក្សរ |
បើសម័យដោះស្រាយមិនអាចដោះស្រាយបណ្ដឹង តវ៉ាក្នុងចន្លោះពេល 30 ថ្ងៃរាប់តាមប្រតិទិនបានទេ សវនាការមិនលម្អៀងនឹង បន្តនីតិវិធី ហើយធ្វើការ សម្រចចិត្តក្នុងចន្លោះពេល 45 ថ្ងៃរាប់តាមប្រតិទិន |
តើ “នៅកន្លែងដដែល” មានន័យថាម៉េច? តើសិស្សរបស់ខ្ញុំទៅរៀននៅឯណា នៅពេលខ្ញុំស្នើសុំបើកសវនាការ?
នៅកន្លែងដដែលគឺជាពាក្យដែលប្រើក្នុងច្បាប់ IDEA ដើម្បីពណ៌នាអំពីកន្លែងដែលសិស្សត្រូវទៅរៀន នៅពេលស្នើសុំបើកសវនាការ។ បើមានការស្នើសុំបើកសវនាការ សិស្សមានសិទ្ធិបន្តទទួលបានកម្មវិធីអប់រំតម្រូវតាមបុគ្គលរបស់ខ្លួននៅកន្លែងដដែល រហូតដល់បញ្ចប់សវនាការ និងធ្វើការសម្រេចចិត្តរួចរាល់។ មានករណីលើកលែងមួយចំនួនចំពោះពាក្យនៅកន្លែងដដែល ដែលអនុវត្តនៅពេលសិស្សមានពិការភាពត្រូវបានដាក់ពិន័យ។
តើសវនាការមិនលម្អៀងអាចសម្រេចបានអ្វីខ្លះសម្រាប់សិស្សរបស់ខ្ញុំ?
មណ្ឌលសិក្សាធិការអាចត្រូវបានបង្គាប់ឱ្យផ្ដល់សេវា ផ្ដល់ការអប់រំប៉ះប៉ូវដល់សិស្ស និងបង់ថ្លៃសេវាផ្លូវច្បាប់របស់មាតាបិតា។
សវនាការមិនលម្អៀងអាចជួយសិស្សឱ្យទទួលបានសេវាសមស្រប និងប៉ះប៉ូវសម្រាប់ការអប់រំដែលបានបាត់បង់ ដោយសារតែការខកខានរបស់មណ្ឌលសិក្សាធិការ។ មន្ត្រីបើកសវនាការអាចជួយដោះស្រាយបញ្ហាមិនឯកភាពគ្នាអំពីលក្ខខណ្ឌទទួលបានរបស់សិស្ស, IEP, ការប្ដូរកន្លែងអប់រំ ព្រមទាំងការវាយតម្លៃ និងការវាយតម្លៃឡើងវិញ។
មន្ត្រីបើកសវនាការក៏អាចបង្គាប់ឱ្យផ្ដល់ការអប់រំប៉ះប៉ូវបានផងដែរ ដែលមានន័យថាមណ្ឌលសិក្សាធិការត្រូវតែផ្ដល់សេវា ដើម្បីប៉ះប៉ូវរយៈពេលឬឱកាសដែលមិនបានផ្ដល់ ដោយសារតែការខកខានរបស់មណ្ឌលសិក្សាធិការ។ ឧទាហរណ៍ មណ្ឌលសិក្សាធិការអាចត្រូវបានបង្គាប់ឱ្យបង់ប្រាក់សម្រាប់សិស្សចូលរួមក្នុងវគ្គមហាវិទ្យាល័យសហគមន៍ ផ្ដល់ការបង្រៀនក្រៅសាលាបន្ថែមពីលើកម្មវិធីអប់រំពិសេស ឬបង្កើតឱ្យមានកម្មវិធីសម្រាប់រដូវក្ដៅ ទោះបីជាសិស្សនឹងគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាក្នុងឆ្នាំសិក្សាបន្តក៏ដោយ។
សំណើសុំការអប់រំប៉ះប៉ូវគួរតែពាក់ព័ន្ធនឹងគោលដៅ និងគោលបំណងរបស់ IEP។ គួរមានភាពច្នៃប្រឌិត នៅពេលស្នើសុំសេវាអប់រំប៉ះប៉ូវ។ គិតអំពីអ្វីដែលសិស្សចូលចិត្តធ្វើ (សិល្បៈ តន្ត្រី វិទ្យាសាស្ត្រ ។ល។) ហើយស្នើកម្មវិធី ឬសេវាដែលផ្ដល់បទពិសោធទាំងនេះ។
បើអ្នកឈ្នះនៅក្នុងសវនាការនេះ មណ្ឌលសិក្សាធិការអាចនឹងត្រូវបង់ប្រាក់ដែលអ្នកបានចំណាយសម្រាប់សវនាការនេះ និងថ្លៃសេវាដែលមេធាវីបានគិតថ្លៃដើម្បីតំណាងឱ្យអ្នក។ សូមកត់ត្រាការចំណាយរបស់អ្នកក្នុងការត្រៀមខ្លួនសម្រាប់សវនាការនេះ។